អង្គការឆត្របៃតងបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នំា២០១២ ហើយត្រូវបានចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក នៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា​ យោងតាមលិខិតលេខ ១៧៩៦ ស.ជ.ណ ដើម្បីដំណើរការគម្រោង និងសកម្មភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា​។

នៅឆ្នាំ២០០៧ ព្រះតេជគុណ ហួរ សុខរ័ត្ន បាននិមន្តមក ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដើម្បីបង្រៀនភាសាបាលីនិងព្រះពុទ្ធសាសនាដល់ព្រះសង្ឃនៅវត្តចំបក់បិទមាស។ ព្រះតេជគុណសង្កេតឃើញថា សហគមន៍នេះមានភាពលំបាកខ្លំាង។ កុមារ និងយុវជន ប្រឈមជាមួយបញ្ហាក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេមានឱកាសតិចតួចបំផុតក្នុងការចូលសិក្សារៀនសូត្រ។ កុមារជាច្រើនមិនបានចូលរៀន ហើយមនុស្សពេញវ័យជាច្រើនមិនសូវមានចំណេះដឹងខ្ពស់ និងមិនមានជំនាញជីវច្បាស់លាស់ដើម្បីទទួលបានការងារល្អ។ គ្រួសារជាច្រើនមិនមានចំណែកដីដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ពួកគាត់មានក្តីសង្ឃឹមតិចតួចបំផុតទៅលើអនាគតកូនៗរបស់ពួកគាត់។ ដោយបានឃើញស្ថានភាពទំាងអស់នេះ  ព្រះតេជគុណ ហួរ សុខរ័ត្ន បានបណ្តុះគំនិតបង្កើតអង្គការក្រៅរដ្ឋាភិបាល (ឆត្របៃតង) ដើម្បីផ្តល់នូវក្តីសង្ឍឹមសម្រាប់អនាគតក្មេង និងយុវវ័យ កំពុងរស់នៅក្នុងសហគមន៍មួយនេះឡើង។

ការចាប់ផ្តើមបង្កើតអង្គការឆត្របៃតងដំបូង គឺប្រឈមខ្លាំងក្នុងការស្វែងរកធនធានមនុស្សនៅក្នុងសហគមន៍ ដើម្បីចូលរួមធ្វើការជាមួយព្រះតេជគុណ។ ឧបសគ្គមួយផ្សេងទៀតផងដែរក្នុងពេលនោះ គឺមិនមានភ្លើងអគ្គីសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍នេះ។ ព្រះតេជគុណ ហួរ សុខរ័ត្ន បានចំណាយពេលវេលាពីរឆ្នំាដំបូង ក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេស​​ កុំព្យូទ័រ និងជំនាញផ្សេងៗ ដល់គ្រូបង្រៀន និងសិស្សវិទ្យាល័យជាយុវជន។ ព្រះតេជគុណ បានកសាងទំនុកចិត្ត និងជំនាញទៅដល់សហគមន៍។ យុវជនដែលទទួលបាន ការបណ្តុះបណ្តាលទាំងនេះ បានក្លាយជាអ្នកស្ម័គ្រចិត្ត ចូលរួមគាំទ្រការងារគម្រោងរបស់ព្រះតេជគុណនៅក្នុងសហគមន៍។ បន្ទាប់មកទៀត ព្រះតេជគុណបានបង្កើតគម្រោងដទៃទៀត ដូចជា ថ្នាក់ភាសាអង់គ្លេស របាំប្រពៃណីខ្មែរ បំណិនជីវិត បណ្ណាល័យសហគមន៍ និងចលនាលើកកម្ពស់ការអប់រំតាមសហគមន៍ ជាមួយឪពុកម្តាយ របស់កុមារ​ និងយុវជន ព្រះតេជគុណ ក៏បានបញ្ជ្រៀបតាមរយៈធម្មទេសនាក្នុងសហគមន៍ ។